លើសពីរំភើប! បុរសចិនទិញ iPhone X ចំនួន ២៥ គ្រឿងសុំមិត្ដស្រីរៀបការ
ក្រុងប៉េកាំង: លោក ឈិន មីង អ្នកឌីហ្សាញវីដេអូហ្គេមវ័យក្មេងមកពីក្រុងសេនហ្សេន ប្រទេសចិន បានបង្កការភ្ញាក់ផ្អើលខ្លាំងដល់ក្រុមអ្នកសម្ភារនិយម ក្រោយពីលោកបានទិញ iPhone X ទើបចេញលក់ក្ដៅៗ ២៥ គ្រឿង រៀបជារូបបេះដូងសុំមិត្ដស្រីរៀបការ។
ដើម្បីធ្វើឲ្យសង្សារមានការរំភើបចិត្ដចំពោះឱកាសសុំរៀបអាពាហ៍ពិពាហ៍ លោក ឈិន មីង បានកុម្ម៉ង់ទូរស័ព្ទ iPhone X ២៥ គ្រឿងហើយនៅថ្ងៃទី ៣ ខែវិច្ឆិកា ពេលទូរស័ព្ទថ្មីសន្លាងទាំងនេះបានបើកលក់ជាផ្លូវការក្នុងប្រទេសចិន លោកបានយកពួកវាមកតម្រៀបជារូបបេះដូងលើកម្រាលត្របកផ្កាកុលាបក្រហម ដោយភ្ជាប់ជាមួយចិញ្ចៀនបញ្ចាំស្នេហ៍ចំកណ្ដាលថែមទៀត។
ពេលមិត្ដស្រីឈ្មោះ លី ដែលអត់ដឹងខ្លួន បានមកដល់ និងឃើញទូរស័ព្ទជាច្រើនគ្រឿងក្រាលលើត្របកផ្កា លោក ឈិន ចាប់ផ្ដើមលុតជង្គង់ចុះ រួចទាញយកចិញ្ចៀនរៀបការចេញ ហើយនាងក៏ទទួលយកសំណើនោះតែម្ដង។
អ្នកទាំងពីរបានជួបគ្នាកាលពី ២ ឆ្នាំមុនដោយសារតែការលេងហ្គេម ហើយតួលេខ ២៥ គ្រឿងនៃការទិញ iPhone X គឺតំណាងអាយុកញ្ញា លី។
iPhone X មួយគ្រឿងមានតម្លៃចាប់ពី ៨៣៨៨ យន់នៅប្រទេសចិន ដែលមានន័យថា លោក ឈិន ត្រូវចំណាយយ៉ាងតិច ២១ ម៉ឺនយន់ (៣១៥០០ ដុល្លារ) ឯណោះ៕
Posted from my blog with SteemPress : http://khmernewsshare.com/archives/6395
