ឆ្នាំ២០១៩ ខ្មែរមានប្រេងកាតខ្លួនឯង ផលិតបានក្នុង១ឆ្នាំ ៥លានតោន តើខ្មែរឈប់ក្រដែរឬទេ?

in #news8 years ago

<figure>alt
</figure>
ភ្នំពេញៈ បន្ទាប់ពី​ការ​ពន្យារ​ពេល​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក រោងចក្រ​ចម្រាញ់​ប្រេង​លើក​ដំបូង​របស់​កម្ពុជា​ បាន​ចាប់​ផ្តើម​សាងសង់​ហើយ​កាលពី​ថ្ងៃ​ម្សិលមិញ​នៅ​លើ​គម្រោង​វិនិយោគ​ ១,៦២​ ពាន់​លាន​ដុល្លារ ដោយ​ដំណាក់កាល​ដំបូង​នឹង​បញ្ចប់​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៩​។

រោងចក្រ​ចម្រាញ់​ប្រេង ដែល​ត្រូវ​បាន​សាងសង់​នៅលើ​ផ្ទៃដី ​៣៦៥​ ហិកតា​ នៅ​ក្នុង​ខេត្តកំពត និង​ខេត្ត​ ព្រះសីហនុ ដំបូង​ត្រូវ​បាន​រំពឹងថា​នឹង​ត្រូវ​បញ្ចប់​ក្នុង​ឆ្នាំ ​២០១៤ បន្ទាប់ពី​ការ​ទទួល​បាន​ការ​ផ្ដល់​មូលនិធិ​ហិរញ្ញវត្ថុ​ពេញ​លេញ​ពី​ធនាគារ Export-Import Bank of China កាល​ពី​ខែធ្នូ ឆ្នាំ​២០១៣​។

ប៉ុន្តែ​ការ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ឯកជន​កម្ពុជា Cambodia Petrochemical Company (CPC ) មួយ​នេះ នៅតែ​ពន្យារ​ពេល​ការ​សាងសង់​រហូត​ដល់​ខែ​ ឧសភា ឆ្នាំ ​២០១៦ ដែល​សញ្ញា​នៃ​ការ​ចាប់​ផ្តើម​ហាក់​បង្ហាញ​ពី​ភាព​រឹងមាំ​នៅ​ពេល​ដែល​ក្រុមហ៊ុន​នេះ​បាន​ផ្តល់​មូលនិធិ ៦២០​ លាន​ដុល្លារ ឲ្យ​ក្រុមហ៊ុន​ប្រេង​កាត​ជាតិ​ ចិន ​(CNPC) សម្រាប់​ការ​សាងសង់​ដំណាក់កាល​ដំបូង ដែល​ក្រុមហ៊ុន​នេះ​បាន​ផ្ដល់​ប្រតិបត្តិការ​សេវា​សាងសង់​បន្ត​ទៅ​ក្រុមហ៊ុន Sino Great Wall International Engineering Group របស់​ប្រទេស​ចិន​។
<figure>alt
</figure>
នៅ​ពេល​ដំណាក់កាល​ទាំង​អស់​របស់​គម្រោង​នេះ​ត្រូវ​បាន​បញ្ចប់​ទាំង​ស្រុង គេ​រំពឹង​ថា នឹង​អាច​ចម្រាញ់​ប្រេង​ឆៅ​បាន​ ៥​ លាន​តោន​ប្រចាំ​ឆ្នាំ​។ នេះ​បើ​យោង​តាម​លោក វិញ ហួរ ប្រធាន​ក្រុមហ៊ុន CPC ។

លោក ហួរ បាន​ឲ្យ​ដឹង​ថា រោងចក្រ​ចម្រាញ់​នេះ​នឹង​កាត់​បន្ថយ​តម្រូវការ​នាំចូល និង​ធានា​ដល់​សន្ដិសុខ​ជាតិ​តាម​រយៈ​ការ​បង្កើត​ទុន​បម្រុង​ប្រេង​ក្នុង​ស្រុក​។

លោក​ថ្លែង​ថា​៖ «​ប្រទេស​ណា​មួយ​ដែល​មិនមាន​ស្ដុក​ប្រេង​អាច​ស្ថិត​ក្នុង​ស្ថានការណ៍​ដ៏​គ្រោះថ្នាក់ ដោយ​សារ​តែ​ប្រសិន​បើ​មាន​ភាព​មិន​ច្បាស់​លាស់​នៅ​លើ​ទីផ្សារ​អន្តរជាតិ ហើយ​បញ្ឈប់​ការ​ផ្គត់​ផ្គង់ សេដ្ឋកិច្ច​នឹង​លែង​ដំណើរការ​»​។

ខណៈ​លោក​ទទួល​ស្គាល់​ថា សម្រាប់​រយៈពេល​ខ្លី រោងចក្រ​ចម្រាញ់​ប្រេង​នេះ​នឹង​ពឹង​លើ​ប្រេង​ឆៅ​នាំចូល​ពី​មជ្ឈិមបូព៌ា ហើយ​នឹង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការ​ចែកចាយ​ក្នុង​ស្រុក លោក​បាន​បញ្ជាក់​ថា ពេល​ប្រទេស​កម្ពុជា​បូម​ប្រេង​បាន​ខ្លួន​ឯង វា​នឹង​ត្រូវ​បាន​ប្រើប្រាស់​ជា​កន្លែង​សម្រាប់​អ្នក​នាំ​ចេញ​។

KrisEnergy ជា​ក្រុមហ៊ុន​របស់​ប្រទេស​សិង្ហ​បុរី ដែល​មាន​សិទ្ធិ​ពេញ​លេញ​ចំពោះ​អណ្ដូង​ប្រេង​នៅ​ប្លុក A នៅ​ឈូង​សមុទ្រ គឺជា​គម្រោង​ទាញ​យក​ប្រេង​ក្នុង​ស្រុក​ដំបូង ខណៈ​នឹង​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ចែក​ប្រាក់​ចំណេញ​ជាមួយ​រដ្ឋាភិបាល​ឆាប់ៗ​។ នៅ​ពេល​ចុះ​ហត្ថលេខា​ហើយ ការ​ទាញ​យក​ប្រេង​អាច​ចាប់ផ្ដើម​ក្នុង​រយៈពេល​២៤​ទៅ​២៦​ខែ​។

លោក ហួរ បញ្ជាក់​ថា គម្រោង​នេះ​ត្រូវ​បាន​ពន្យា​ពេល​ជាច្រើន​ឆ្នាំ​ដោយ​សារ​តែ​ចាំបាច់​ត្រូវ​ធ្វើ​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន ហើយ​រង់ចាំ​ការ​ណែនាំ​របស់​ក្រុមហ៊ុន​ចិន​ក្នុង​ការ​ជំរុញ​ការ​សាងសង់​ឆ្ពោះ​ទៅ​មុខ​។

លោក ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេង​កាត នៅ​ក្រសួង​រ៉ែ និង​ថាមពល បាន​ឲ្យ​ដឹង​ថា រោងចក្រ​ចម្រាញ់​ប្រេង​នេះ​នឹង​បំពេញ​តម្រូវ​ការ​ក្នុង​ស្រុក ខណៈ​តម្លៃ​នឹង​មាន​កម្រិត​ទាប​។

លោក​បាន​ថ្លែងថា​៖ «​យើង​សង្ឃឹម​ថា គម្រោង​រោងចក្រ​ចម្រាញ់​ប្រេង​នេះ​នឹង​បន្ទាប​តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារ និង​ផ្ដល់​អត្ថប្រយោជន៍​ដល់​អតិថិជន​»​។ លោក​បាន​បន្ថែមថា កាក​សំណល់​ពី​រោងចក្រ​អាច​ត្រូវបាន​ប្រើប្រាស់​ក្នុង​ការ​ផលិត​ប្លាស្ទិក និង​ជី​។
<figure>alt
<figcaption>លោក​បាន​បន្តថា​៖ «​រោងចក្រ​ចម្រាញ់​ប្រេង​នេះ​នឹង​ជួយ​ដល់​ពួក​យើង​មាន​ឯករាជ​ភាព​ថាមពល​»​។</figcaption></figure>
អ្នក​ជំនាញ​ខាង​ប្រេង​របស់​ដាណឺម៉ាក លោក Tommy Christensen​បាន​ឲ្យ​ដឹង​ថា ខណៈ​រោងចក្រ​ចម្រាញ់​ប្រេង​នេះ​អាច​បន្ថែម «​តម្លៃ​ជាតិ​» ដល់​ចង្វាក់​ផ្គត់ផ្គង់​ថាមពល​របស់​ប្រទេស​កម្ពុជា វា​នឹង​មាន​ការ​ពិបាក​ក្នុង​ការ​ទទួល​បាន​ប្រាក់​ចំណេញ ដរាប​ណា​ក្រុមហ៊ុន​នាំ​ចូល​ប្រេង​ឆៅ​ចំនួន​ដ៏​ធំ​ពី​ក្រៅ​។

លោក​ថ្លែង​ថា​៖ «​អត្ថ​ប្រយោជន៍​របស់​ប្រទេស​កម្ពុជា​គឺ​ត្រូវ​តែ​មាន​ការ​ផលិត​ប្រេង​ឆៅ​ផ្ទាល់​របស់​ខ្លួន និង​អាច​មាន​សមត្ថភាព​ចម្រាញ់​ប្រេង​បាន ប៉ុន្តែ​ដរាប​ណា​ពួក​គេ​ត្រូវ​តែ​នាំចូល​ប្រេង​ឆៅ​ទាំង​អស់​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ជិត​ខាង ជា​ពិសេស​ថៃ ក្នុង​ករណី​នេះ​សេដ្ឋកិច្ច​មិន​អាច​ដំណើរការ​សម្រាប់​កម្ពុជា​បាន​ទេ​»​។

លោក​បន្ថែម​ថា នៅ​ពេល​ប្រេង​ប្លុក A ត្រូវ​បាន​ទាញ​យក​ដោយ​មាន​សមត្ថ​ភាព​ក្នុង​ស្រុក វា​នឹង​អាចដាក់​ប្រទេស​កម្ពុជា​នៅ​លើ​ផែនទី​ពាណិជ្ជ​ថាមពល​បាន​។

ប៉ុន្តែ លោក​បាន​បញ្ជាក់​ថា រោងចក្រ​ចម្រាញ់​ប្រេង​នេះ​ត្រូវ​បាន​សាងសង់​នៅ​លើ​គំរូ​អាជីវកម្ម​ដែល​មាន​គុណ​វបត្តិ​ជា​មូលដ្ឋាន​ដោយ​សារ​តែ​រោងចក្រ​នេះ​មិន​មែន​ជា​គំនិត​ផ្ដួច​ផ្ដើម​គ្រប់គ្រង​ដោយ​រដ្ឋ​របស់​ប្រទេស​កម្ពុជា ដែល​វា​នឹង​នាំ​ឲ្យ​មាន​តម្លៃ​ខ្ពស់​សម្រាប់​សេដ្ឋកិច្ច​។

លោក​ថ្លែង​ថា​៖ «​នេះ​មិនមែន​ជា​គំនិត​ផ្ដួច​ផ្ដើម​របស់​កម្ពុជា​នោះ​ទេ ប៉ុន្តែ វិស័យ​ឯកជន និង​គំនិត​ផ្ដួច​ផ្ដើម​អត្ថ​ប្រយោជន៍​ជា​យុទ្ធសាស្ដ្រ​របស់​ប្រទេស​ ចិន ដោយ​សារ​តែ​បទ​ប្បញ្ញត្តិ​នៅ​ក្នុង​ [​ប្រទេស​ ចិន​] ហើយ​កម្ពុជា​ គឺជា​ប្រទេស​ជិត​បំផុត​ដែល​ពួក​គេ​អាច​វិនិយោគ​បាន​»​។

លោក​បាន​បន្តថា​៖«​ប្រសិន​បើ​ប្រទេស​កម្ពុជា​ពិតជា​ស្ថិត​ក្នុង​ការ​គ្រប់​គ្រង​លើ​រោងចក្រ​នេះ ដោយ​មាន​ប្រេង​ឆៅ​ផ្ទាល់​របស់​ខ្លួន​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ខាង​មុខ​នេះ បន្ទាប់​មក​ការ​យក​ពន្ធ និង​ប្រាក់​ចំណូល​ពី​រោងចក្រ​ចម្រាញ់​ប្រេង​នេះ​នឹង​ផ្ដល់​អត្ថ​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​លើ​ទ្រង់ទ្រាយ​ធំ​»​។

លោក Han Phoumin សេដ្ឋវិទូ​ថាមពល​នៅ​ក្រុមហ៊ុន Economic Research Institute ទទួល​បន្ទុក​អាស៊ាន និង​អាស៊ី​អាគ្នេយ៍ (ERIA) បាន​ឲ្យ​ដឹង​ថា រោងចក្រ​ចម្រាញ់​ប្រេង​នេះ​អាច​ផ្ដល់​ឲ្យ​កម្ពុជា​ជាទី​កន្លែង​រក​ទាក់ទាញ​ទីផ្សារ​ក្នុង​ស្រុក​តែ​មួយ​គត់​។

ប៉ុន្តែ លោក​បាន​កត់​សម្គាល់​ថា បើ​រោងចក្រ​ចម្រាញ់​ប្រេង​នេះ​ត្រូវ​បាន​សាង​សង់​ឡើង​ជា​ពិសេស​សម្រាប់​ផ្គត់ផ្គង់​តម្រូវ​ការ​ថាមពល​របស់​ប្រទេស​ចិន វា​អាច​ប្រឈម​ជាមួយ​ការ​ប្រកួត​ប្រជែង​។

លោក​បាន​ថ្លែង​ថា​៖ «​ពិត​ហើយ រោងចក្រ​ចម្រាញ់​ប្រេង​មួយ​នៅក្នុង​តំបន់​ អាស៊ី អាគ្នេយ៍ នឹង​យល់ថា វា​ពិបាក​ក្នុងការ​ប្រកួត​ប្រជែង​ជាមួយ​រោងចក្រ​ចម្រាញ់​ប្រេង​របស់​ប្រទេស ​សិង្ហ​បុរី ដែល​អាច​ផលិត​យ៉ាង​មាន​ប្រសិទ្ធភាព​ជាមួយ ​នឹង​ផលិតផល​មាន​គុណភាព​ខ្ពស់​បំផុត​ក្នុង​តម្លៃ​សមរម្យ​»​។

លោក​បន្ត​ថា​៖ «​គេ​គួរ​តែ​ប្រុង​ប្រយ័ត្ន​ព្រោះ​ថា រោងចក្រ​ចម្រាញ់​ប្រេង​ជាច្រើន​នៅ​អាស៊ី​មិន​អាច​រក​ប្រាក់​ចំណេញ​បាន​ទេ​»​។

ប្រទេស​កម្ពុជា​នាំ​ចូល​ផលិតផល​ប្រេង​ចម្រាញ់​ប្រហែល​១,៨​លាន​តោន​ប្រចាំ​ឆ្នាំ​។ នេះ​បើ​យោង​តាម​ក្រសួង​រ៉ែ និង​ថាមពល​៕

Soure @ khmerapsara.news

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.080
BTC 62938.30
ETH 1695.94
USDT 1.00
SBD 0.38