ស្វែងយល់ពីការជួញដូរផ្សារមូលបត្រនៅកម្ពុជា

in #economics7 years ago

csx.jpg

ប្រតិបតិ្តការទីផ្សារនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានរៀបចំឯកសារយល់ដឹងមួយចំនួនសម្រាប់មហាជនដែលចង់ស្វែងយល់ពី ទីផ្សារ និងការជូញដូរមូលបត្រនេះ ។

តើផ្សារមូលបត្រគឺជាអ្វី ? និយាយដោយសាមញ្ញ ផ្សារមូលបត្រគឺជាផ្សារសម្រាប់ជួញដូរមូលបត្រ ។ ចំណែកមូលបត្រ គឺជាកិច្ចសន្យាហិរញ្ញវត្ថុដែលអាចជួញដូរបាន ។ កិច្ចសន្យានេះបញ្ជាក់ពីកម្មសិទ្ធិ បំណុល ឬសិទ្ធិ/កាតព្វកិច្ចក្នុងការទិញ/លក់ជាដើម ។ បច្ចុប្បន្ននៅលើផ្សារមូលបត្រកម្ពុជា មានតែមូលបត្រភាគហ៊ុនមួយមុខប៉ុណ្ណោះដែលត្រូវបានជួញដូរ ។

មូលបត្រភាគហ៊ុន គឺជាកិច្ចសន្យាដែលបញ្ជាក់ពីភាពជាម្ចាស់កម្មសិទ្ធិមួយផ្នែកលើ ក្រុមហ៊ុនមួយ ។ ដូច្នេះសរុបមកវិញ ផ្សារមូលបត្រភាគហ៊ុន (ឬនិយាយដោយខ្លីថា «ផ្សារហ៊ុន») គឺជាផ្សារដែលជួញដូរកម្មសិទ្ធិលើក្រុមហ៊ុនមួយ ។ បើនិយាយឱ្យស៊ីជម្រៅជាងនេះបន្តិច ផ្សារភាគហ៊ុនចែកជាពីរដំណាក់គឺ ទីផ្សារដំបូង និងទីផ្សារបន្ទាប់។

ទីផ្សារដំបូង (Primary Market)
ទីផ្សារដំបូង គឺជាទីផ្សារដែលភាគហ៊ុន (ទើបបោះផ្សាយជាសាធារណៈលើកដំបូងដោយក្រុមហ៊ុនមួយ) ត្រូវបានដាក់ឱ្យជួញដូរជាលើកដំបូង ។ បានសេចក្តីថា ជាទីផ្សារដែលវិនិយោគិនសាធារណៈទិញភាគហ៊ុនដោយផ្ទាល់ពីក្រុមហ៊ុន បោះផ្សាយ គឺប្រៀបបាននឹងការទិញទំនិញមួយដោយអ្នកប្រើប្រាស់ដោយផ្ទាល់ពី ក្រុមហ៊ុនផលិតដូច្នោះដែរ ។

ទីផ្សារបន្ទាប់ (Secondary Market)
វិនិយោគិនដែល ទិញភាគហ៊ុននៅទីផ្សារដំបូង ហើយចង់លក់ភាគហ៊ុននោះចេញដើម្បីយកសាច់ប្រាក់មកវិញ ត្រូវលក់ភាគហ៊ុននោះទៅឱ្យវិនិយោគិនដទៃទៀតដែលចង់ទិញភាគហ៊ុនរបស់ ខ្លួន គឺមិនមែនលក់ទៅឱ្យក្រុមហ៊ុនបោះផ្សាយវិញទេ ។ ការទិញលក់តទៅនេះ រវាងវិនិយោគិន (អ្នកទិញ) និងវិនិយោគិន (អ្នកលក់) ត្រូវបានគេហៅថា ជាការទិញលក់នៅទីផ្សារបន្ទាប់ គឺប្រៀបបាននឹងការជួញដូរវត្ថុជជុះរវាងអ្នកប្រើប្រាស់ដូចគ្នា ដូច្នោះដែរ គ្រាន់តែភាគហ៊ុនមិនចេះសឹករេចរឹលប៉ុណ្ណោះ។ ការជួញដូរនៅទីផ្សារបន្ទាប់ គឺធ្វើឡើងនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.)។ ផ.ម.ក. មានតួនាទីចម្បងក្នុងការផ្តល់សេវាទីកន្លែងនិងប្រព័ន្ធជួញដូរ សម្រាប់វិនិយោគិនងាយស្រួលរកគ្នាឃើញ (អ្នកលក់ និងអ្នកទិញ) ដើម្បីជួញដូរជាមួយគ្នា ។

សូមបញ្ជាក់ជូនថា ទោះបីទិញ/លក់ភាគហ៊ុននៅទីផ្សារដំបូងក្តី នៅទីផ្សារបន្ទាប់ក្តី វិនិយោគិនត្រូវទៅរកក្រុមហ៊ុនមូលបត្រដូចគ្នា មិនមែនទៅរកក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ ឬទៅរកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) ឡើយ ។ ក្រុមហ៊ុនមូលបត្រ គឺជាជំនួយការរបស់វិនិយោគិនទាក់ទងនឹងវិស័យមូលបត្រ។ ពួកគេនឹងជួយពន្យល់ និងទិញ/លក់ភាគហ៊ុនឱ្យវិនិយោគិនដែលជាអតិថិជន ឬអតិថិជនសក្តានុពលរបស់ខ្លួន ។

ក្រុមហ៊ុនមូលបត្រដែលជាសមាជិករបស់ ផ.ម.ក. មានចំនួន១១ ដែលមានរាយឈ្មោះ និងអាសយដ្ឋាននៅលើគេហទំព័ររបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (www.csx.com.kh) ៕

តើគួរដឹង យល់ និងចេះអ្វីខ្លះ មុននឹងចូលវិនិយោគនៅផ្សារហ៊ុន ?

មានការទទួលស្គាល់ជាទូទៅនៅលើពិភពលោកថា ការវិនិយោគលើភាគហ៊ុនមានភាពងាយស្រួល និងអាចទទួលបានប្រាក់ចំណេញច្រើនជាងគេលើរយៈពេលវែង ។ ប៉ុន្តែការវិនិយោគភាគហ៊ុន ក៏មិនខុសពីការវិនិយោគដទៃដែរ គឺតែងទាមទារឱ្យមានចំណេះដឹងមួយចំនួនជាអប្បបរមាដើម្បីអាចទាញ ប្រយោជន៍ពីទីផ្សារនេះ ។

*ចំណេះដឹងជាអប្បបរមាសំដៅដល់ការយល់ដឹងមួយចំនួនដូចជា ៖
១-រចនាសម្ព័ន្ធ និងដំណើរការទីផ្សារមូលបត្រនៅកម្ពុជា ៖ សំដៅដល់តួអង្គនានានៅ
ក្នុងវិស័យមូលបត្រដែលមានតួនាទីខុសៗគ្នា និងមានទំនាក់ទំនងជាមួយគ្នា ។ តួអង្គសំខាន់ៗមួយចំនួនមានដូចខាងក្រោម ៖
-គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) ៖ ស្ថាប័នរដ្ឋដែលមានតួនាទីចម្បងគ្រប់គ្រងវិស័យមូលបត្រទាំងមូល ។
– ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) ៖ ក្រុមហ៊ុនចម្រុះរដ្ឋដែលមានតួនាទីផ្តល់សេវាចុះបញ្ជីក្រុមហ៊ុន សេវាជួញដូរមូលបត្រ ផាត់ទាត់និងទូទាត់ ព្រមទាំងរក្សាទុកមូលបត្រ ។
– ក្រុមហ៊ុនមូលបត្រ ៖ ក្រុមហ៊ុនដែលធ្វើអាជីវកម្មទាក់ទងនឹងមូលបត្រដូចជា ធានាទិញមូលបត្រ ជួញដូរមូលបត្រសម្រាប់គណនីផ្ទាល់ខ្លួន ជួញដូរមូលបត្រសម្រាប់គណនីអតិថិជន និងផ្តល់ប្រឹក្សាវិនិយោគមូលបត្រ
-ភ្នាក់ងារទូទាត់សាច់ប្រាក់ ពាក់ព័ន្ធនឹងមូលបត្រ៖ ធនាគារដែលទទួលស្គាល់ដោយ គ.ម.ក ក្នុងការផ្តល់សេវាទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ ។
-ក្រុមហ៊ុនបោះផ្សាយ/ចុះបញ្ជី៖ ក្រុមហ៊ុនដែលត្រូវការទុនបន្ថែម
ហើយបោះផ្សាយ និងចុះបញ្ជីលក់ភាគហ៊ុនរបស់ខ្លួននៅ ផ.ម.ក ។
-វិនិយោគិន៖ វិនិយោគិនជារូបវ័ន្តឬជាក្រុមហ៊ុន ដែលទិញ/លក់ភាគហ៊ុននៅផ.ម.ក តាមរយៈក្រុមហ៊ុនមូលបត្រ

២-លក្ខណៈនៃផ្សារមូលបត្រកម្ពុជា ៖ មានច្បាប់ និងបទប្បញ្ញត្តិជាច្រើនដែលបង្កើតឡើងសម្រាប់ការគ្រប់គ្រង និងដំណើរការនៃវិស័យមូលបត្រនៅកម្ពុជា ។ វិនិយោគិនគួរចំណាយពេលស្វែងយល់តែបទប្បញ្ញតិ្តណាដែលពាក់ព័ន្ធនឹង ការវិនិយោគដូចជា របៀបដំណើរការទីផ្សារ ម៉ោងបើកនិងបិទផ្សារ លក្ខណៈនៃការជួញដូរ ទង្វើហាមឃាត់ក្នុងការជួញដូរ ។ល។ ដើម្បីទទួលបាននូវចំណេះដឹងទាំងនេះ វិនិយោគិន ក៏អាចទៅពិគ្រោះជាមួយក្រុមហ៊ុនមូលបត្រណាមួយដែលខ្លួនជ្រើសរើសផង ដែរ ។

៣-គោលការណ៍គ្រឹះមួយចំនួននៃសេដ្ឋកិច្ច និងដំណើរការអាជីវកម្ម ៖
ការ ទិញភាគហ៊ុននៃក្រុមហ៊ុនចុះបញ្ជីមួយគឺដូចគ្នាទៅនឹងការចូលហ៊ុន ធ្វើអាជីវកម្មទូទៅដែរ។ ដូច្នេះ ក្នុងនាមជាម្ចាស់ភាគហ៊ុនម្នាក់ (បើទោះបីជាមិនបានគ្រប់គ្រងអាជីវកម្មនោះដោយផ្ទាល់ក៏ដោយ) វិនិយោគិនគួរមានចំណេះដឹង ឬបទពិសោធន៍ខ្លះទាក់ទងនឹងការគ្រប់គ្រង ឬដំណើរការអាជីវកម្មទូទៅ ស្គាល់អំពីមូលដ្ឋានគ្រឹះនៃគណនេយ្យ ព្រមទាំងគោលការណ៍គ្រឹះមួយចំនួននៃសេដ្ឋកិច្ច ដូចជាទំនាក់ទំនងរវាងតម្រូវការ ផ្គត់ផ្គង់ និងថ្លៃជាដើម ។

៤-ស្គាល់ចរិតលក្ខណៈរបស់ទីផ្សារភាគហ៊ុន៖ វិនិយោគិនគួរស្វែងយល់អំពីប្រវត្តិឡើងចុះនៃផ្សារហ៊ុន អំពីចរិតលក្ខណៈរបស់ផ្សារហ៊ុនដែលអាចមានការប្រែប្រួលខ្លាំងនិងរហ័ស អំពីកត្តាផ្សេងៗដែលអាចធ្វើឱ្យផ្សារនេះប្រែប្រួលខ្លាំង (volatile) ជាដើម ។

៥-ស្គាល់ខ្លួនឯង ៖ សំដៅដល់ការដឹង និងត្រៀមធនធានដែលខ្លួនមាន ព្រមទាំងស្គាល់បុគ្គលិកលក្ខណៈរបស់ខ្លួនឯង (style) មុននឹងចូលប្រឡូកក្នុងការវិនិយោគ ។ ដូច្នេះ វិនិយោគិនគួរ ៖
– វិនិយោគតែជាមួយលុយដែលខ្លួនឯងអាចទទួលយកការខាតបង់បាន ។ លុយនោះទៀតសោត គួរតែជាលុយដែលអាចកប់ទុកក្នុងការវិនិយោគរយៈពេលវែង (អប្បបរមាបីឆ្នាំ ឬយកល្អប្រាំឆ្នាំឡើង) ។
-ត្រៀមពេលវេលាមួយ ចំនួន (ក្នុងមួយសប្តាហ៍) ដើម្បីសិក្សា ឬតាមដានព័ត៌មានអំពីក្រុមហ៊ុនដែលខ្លួនចង់វិនិយោគជាមួយ ព្រមទាំងព័ត៌មានដទៃទៀតដែលអាចប៉ះពាល់ដល់ក្រុមហ៊ុន និងភាគហ៊ុននោះ ។
– ស្គាល់ពីភាពរហ័សរហួនក្នុងការសម្រេចចិត្តនិងសមត្ថភាពកេងចំណេញពី បម្រែបម្រួលថ្លៃភាគហ៊ុនរបស់ខ្លួន ប្រសិនបើវិនិយោគិននោះមិនមានបំណងធ្វើជាម្ចាស់ក្រុមហ៊ុនចុះបញ្ជី ណាមួយយូរអង្វែង ។ល។
ដើម្បីអាចទទួលបានចំណេះដឹងទាំងនេះនិង កាន់តែពេញលេញ វិនិយោគិនគួរអានឱ្យបានច្រើន ពិគ្រោះជាមួយអ្នកមានបទពិសោធន៍ក្នុងវិស័យនេះ ហើយនិងត្រូវការពេលវេលាសមស្របមួយទម្រាំមានមូលដ្ឋានចំណេះដឹងមួយសម ល្មម មុននឹងអាចចូលប្រឡូកក្នុងការវិនិយោគភាគហ៊ុនប្រកបដោយទំនុកចិត្ត ៕

ត្រៀមវិនិយោគនៅផ្សារហ៊ុន ៖ ជ្រើសរើសនិងវិភាគក្រុមហ៊ុនចុះបញ្ជី

នៅពេលសម្រេចចិត្តត្រៀមថវិកានិងពេលវេលាមួយចំនួន ដើម្បីចូលវិនិយោគនៅផ្សារហ៊ុនរួចហើយ វិនិយោគិនគួរចាប់ផ្តើមរកមើលក្រុមហ៊ុនចុះបញ្ជីណាដែលទំនងជានឹង រកបានប្រាក់ចំណេញច្រើននាពេលអនាគត។ តើគួរពិនិត្យមើលលើព័ត៌មានអ្វីខ្លះ ដើម្បីអាចជ្រើសរើសបានក្រុមហ៊ុនល្អបែបនេះ ? នេះជាសំនួរដែលទាមទារចម្លើយដ៏វែង ។ ប៉ុន្តែនៅទីនេះយើងនឹងផ្តល់ជូននូវចម្លើយសង្ខេបដើម្បីជាទុននិង បង្ហាញផ្លូវដល់វិនិយោគិនក្នុងការសិក្សាបន្ថែមដោយខ្លួនឯងបន្តទៀត ។

ការបង្ហាញជូននៅទីនេះក៏កម្រិតនៅត្រឹមការវិភាគលើគុណភាព អាជីវកម្មរបស់ក្រុមហ៊ុនប៉ុណ្ណោះ ខណៈដែលការវិភាគពេញលេញទាមទារឱ្យមានការវិភាគអំពីវិស័យដែល ក្រុមហ៊ុននោះស្ថិតនៅផងនិងអំពីទស្សនវិស័យសេដ្ឋកិច្ចទាំងមូលផង ។ ជាធម្មតាមុននឹងសម្រេចចិត្តចូលហ៊ុនវិនិយោគជាមួយនឹងក្រុមហ៊ុនណាមួយ យើងត្រូវការស្គាល់ក្រុមហ៊ុននោះឱ្យបានច្បាស់(ទៅតាមលទ្ធភាព)ជា មុនសិន ។ ព័ត៌មានអំពីក្រុមហ៊ុនដែលយើងគួរពិនិត្យមើលអាចចែកចេញជាពីរធំៗ គឺ ព័ត៌មានអំពីអាជីវកម្ម និងព័ត៌មានអំពីហិរញ្ញវត្ថុ។

ព័ត៌មានអំពីអាជីវកម្ម៖
១-ព័ត៌មានអំពីអាជីវកម្មចម្បងៗរបស់ក្រុមហ៊ុន ។
២-ប្រវត្តិនៃការវិវត្តរបស់ក្រុមហ៊ុន ។
៣-ផែនការនិងយុទ្ធសាស្ត្រអាជីវកម្មរបស់
ក្រុមហ៊ុន ។
៤-ប្រវត្តិនិងសមត្ថភាពរបស់ស្ថាបនិក និងថ្នាក់ដឹកនាំសំខាន់ៗរបស់ក្រុមហ៊ុន ។
៥-នយោបាយគ្រប់គ្រងបុគ្គលិក (និងទំនាក់ទំនងជាមួយសហជីព) ។
៦-ប្រាក់បៀវត្ស និងប្រាក់លើកទឹកចិត្តផ្សេងៗរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន ។
៧-នយោបាយបែងចែកភាគលាភដល់ភាគហ៊ុនិក ។ល។
ព័ត៌មានអំពីហិរញ្ញវត្ថុ ៖

តាមរយៈរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដែលរួមមាន តារាងតុល្យការរបាយការណ៍លទ្ធផលនិងរបាយការណ៍លំហូរសាច់ប្រាក់ វិនិយោគិនគួរពិនិត្យមើលនិងគណនារកព័ត៌មានមួយចំនួនដូចជា ៖
១- ភាពចំណេញរបស់ក្រុមហ៊ុន (Profitability)៖ ប្រាក់ចំណេញធៀបនឹងចំណូលដែលរកបាន(Profit Margin) ប្រាក់ចំណេញធៀបនឹងទ្រព្យសកម្មដែលបានប្រើ(Return on Aset) ប្រាក់ចំណេញធៀបនឹងមូលធនភាគហ៊ុនិក(Return on Equity)។ល។

២-សុខភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន៖ កម្រិតបំណុលធៀបនឹងមូលធនភាគហ៊ុនិក(Debt/Equity) ប្រាក់ចំណេញមុនបង់ការប្រាក់និងពន្ធធៀបនឹងការប្រាក់(Interest Coverage) កម្រិតនៃទុនបង្វិល(Working Capital) ។ល។ ៣-ប្រសិទ្ធភាពក្នុងការប្រើប្រាស់ធនធាន៖ ចំណូលរកបានធៀបនឹងទ្រព្យសកម្មដែលបានប្រើ(Asset Turnover) ថ្លៃដើមលក់ធៀបនឹងទំហំស្តុក(Inventory Turnover) ប្រាក់ចំណូលធៀបនឹងប្រាក់ដែលអតិថិជនជំពាក់(Account Receivable Turnover) ។ល។ ៤-ផ្សេងៗ។

ព័ត៌មានទាំងឡាយខាងលើ និងព័ត៌មានផ្សេងទៀតដែលទទួលបាន វិនិយោគិនមិនគួរយកមកពិចារណាតែឯកឯងនោះទេ ។ វិនិយោគិនគួរយកព័ត៌មានទាំងនេះទៅប្រៀបធៀបជាមួយនឹងព័ត៌មានដូចគ្នា( ឬប្រហាក់ប្រហែលគ្នា)របស់ក្រុមហ៊ុនប្រកួតប្រជែងផ្សេងៗ(បើមាន) និង/ឬទៅប្រៀបធៀបជាមួយនឹងព័ត៌មានដដែលនៃឆ្នាំមុនៗរបស់ក្រុមហ៊ុន នោះដើម្បីអាចវាយតម្លៃឱ្យកាន់តែប្រសើរអំពីគុណភាពអាជីវកម្មរបស់ ក្រុមហ៊ុន ។ ក្រៅពីព័ត៌មានទាំងនេះវិនិយោគិនគួរស្វែងយល់និងវាយតម្លៃពីកម្រិត ហានិភ័យផ្សេងៗរបស់ក្រុមហ៊ុន ។ ហានិភ័យនេះសំដៅដល់លទ្ធភាពដែលហេតុការណ៍ផ្សេងៗអាចកើតមាន ហើយផ្តល់ផលអវិជ្ជមានដល់គុណភាពក្រុមហ៊ុន។ ហានិភ័យទាំងនេះអាចមានដូចជា៖ ហានិភ័យនៃការធ្លាក់ចុះប្រាក់ចំណូលដោយសារផលិតផលរបស់គូប្រជែងល្អ ជាងឬទំនើបជាង ហានិភ័យនៃការបន្លំរបាយការណ៍ពីថ្នាក់ដឹកនាំក្រុមហ៊ុន ហានិភ័យនៃការខូចខាតទំនិញដោយសារទឹកជំនន់ឬភ្លើងឆេះជាដើម ។

ចំពោះក្រុមហ៊ុនដែលចុះបញ្ជីជាសាធារណៈ វិនិយោគិនពុំមានការលំបាកក្នុងការទទួលបានព័ត៌មានទាំងអស់នេះឡើយ។ វាមាននៅក្នុងឯកសារផ្តល់ព័ត៌មានរបាយការណ៍ប្រចាំឆ្នាំ និងឯកសារផ្សេងទៀតដែលក្រុមហ៊ុនបានផ្សព្វផ្សាយជាសាធារណៈ តាមរយៈគេហទំព័ររបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា(www.csx.com.kh) គេហទំព័ររបស់ក្រុមហ៊ុនចុះបញ្ជីនោះផ្ទាល់តែម្តង ឬគេហទំព័រដទៃទៀត ៕

ត្រៀមវិនិយោគនៅផ្សារហ៊ុន ៖ វាយតម្លៃក្រុមហ៊ុនចុះបញ្ជី

ការរកឃើញក្រុមហ៊ុនល្អដើម្បីវិនិយោគជាមួយដូចដែលបាន លើកបង្ហាញកាលពីសប្តាហ៍មុន នៅមិនទាន់គ្រប់គ្រាន់ទេ ។ វត្ថុល្អរមែងមានគេត្រូវការច្រើន និងមានតម្លៃថ្លៃ ។ ហើយបើរបស់ល្អ តែថ្លៃពេក ក៏មិនល្អសម្រាប់ការវិនិយោគរបស់យើងដែរ ។ ដូច្នេះ ជាវគ្គបន្ទាប់នៅទីនេះ យើងនឹងលើកមកបង្ហាញអំពីរបៀបនៃការវាយតម្លៃសំខាន់ៗមួយចំនួនលើ ក្រុមហ៊ុននិងភាគហ៊ុន ។ ដោយសារក្រុមហ៊ុនគឺជាបណ្តុំនៃភាគហ៊ុនសរុបបញ្ចូលគ្នា ដូច្នេះការវាយតម្លៃភាគហ៊ុនគឺជាការវាយតម្លៃក្រុមហ៊ុនទាំងមូល រួចចែកនឹងចំនួនភាគហ៊ុនសរុប ។

តម្លៃក្នុងមួយភាគហ៊ុនដែលចេញពីការគណនានេះ នឹងត្រូវយកទៅប្រៀបធៀបជាមួយថ្លៃនៃហ៊ុននោះដែលជួញដូរនៅលើទីផ្សារ ហ៊ុន (ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា) ។ ប្រសិនបើតម្លៃហ៊ុនគណនាធំជាងថ្លៃជួញដូរលើទីផ្សារ នោះគេអាចសន្និដ្ឋានថា ភាគហ៊ុននោះកំពុងត្រូវបានជួញដូរក្នុងតម្លៃថោក (undervalue) ។ ផ្ទុយមកវិញ ប្រសិនបើតម្លៃហ៊ុនគណនាតូចជាងថ្លៃទីផ្សារ នោះគេនិយាយថាភាគហ៊ុននោះកំពុងត្រូវបានជួញដូរក្នុងតម្លៃថ្លៃ (overvalue) ។ ដើម្បីទទួលបានព័ត៌មានអំពីថ្លៃទីផ្សារ យើងគ្រាន់តែចូលទៅក្នុងគេហទំព័ររបស់ក្រុមហ៊ុនផ្សារមូលបត្រ កម្ពុជា (www.csx.com.kh) ឬគេហទំព័ររបស់ក្រុមហ៊ុនមូលបត្រផ្សេងៗជាដើម។ ប៉ុន្តែតម្លៃមួយទៀតដែលជាគូប្រៀបធៀបនឹងត្រូវទទួលបានពីការ ប៉ាន់ស្មាននិងការគណនារបស់យើង ។

មានវិធីសាស្ត្រច្រើន ប៉ុន្តែនៅទីនេះ យើងនឹងលើកយកវិធីសាស្ត្រសាមញ្ញ និងពេញនិយមមួយមកពន្យល់គឺ «លំហូរសាច់ប្រាក់សម្រាប់ភាគហ៊ុនិក» (Free Cash Flow to Equity) ។ យោងតាមវិធីសាស្ត្រនេះ គឺគេពិនិត្យមើលប្រវត្តិនៃលំហូរសាច់ប្រាក់ដែលនៅសល់សម្រាប់ភាគ ហ៊ុនិក (FCF) រួចធ្វើការប៉ាន់ស្មានពីទំនោររបស់វា ៥ (ឬ១០) ឆ្នាំទៅមុខ ដោយផ្អែកលើការវិភាគអំពីលទ្ធភាពកំណើន ក៏ដូចជាសមត្ថភាពប្រកួតប្រជែងរបស់ក្រុមហ៊ុនទៅថ្ងៃអនាគត ។ បន្ទាប់មក គេបន្តប៉ាន់ស្មានតម្លៃអនន្តរបស់វា (Perpetual Value – PerV) គឺតម្លៃចាប់ពីឆ្នាំទី៦ (ឬទី១១) តទៅ ដោយផ្អែកផងដែរលើអត្រាកំណើនសេដ្ឋកិច្ចរយៈពេលវែង។ តម្លៃប៉ាន់ស្មានអនាគតទាំងអស់នេះ នឹងត្រូវយកមកគណនារកតម្លៃបច្ចុប្បន្នរបស់វា ដោយប្រើអត្រាអប្បហារមួយដែលគណនាដោយផ្អែកលើកម្រិតហានិភ័យ និងរចនាសម្ព័ន្ធមូលធនរបស់ក្រុមហ៊ុន រួចបូកតម្លៃបច្ចុប្បន្នទាំងអស់នោះបញ្ចូលគ្នា ។ សូមពិនិត្យមើលរូបមន្តខាងក្រោម ៖

តម្លៃក្រុមហ៊ុន = FCF1/(1+r) + FCF2/(1+r)2 + FCF3/(1+r)3 + FCF4/(1+r)4 + FCF5/(1+r)5 + PerV//(1+r)5 តម្លៃអនន្ត (PerV) = FCF5 x (1 + g) / (r – g) r: អត្រាអប្បហារ (ឬជាអត្រាថ្លៃរបស់មូលធន ដែលជាញឹកញាប់ស្ថិតនៅចន្លោះពី ១០% ទៅ ១៣% សម្រាប់ប្រទេសអភិវឌ្ឍន៍)

g: អត្រាកំណើនរបស់ក្រុមហ៊ុនសម្រាប់រយៈពេលវែង (គួរប៉ាន់ស្មានដោយធៀបជាមួយនឹងអត្រាកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល វែង) សម្រាប់ការស្វែងយល់លម្អិតបន្ថែមសូមចុចមើល ៖ http://www.investopedia.com/university/dcf/

នៅពេលគណនាឃើញតម្លៃបច្ចុប្បន្នរបស់ក្រុមហ៊ុនហើយ គេយកវាមកចែកនឹងចំនួនភាគហ៊ុនសរុបដើម្បីរកតម្លៃរបស់ក្រុមហ៊ុន ក្នុងមួយភាគហ៊ុនដើម្បីប្រៀបធៀបជាមួយនឹងថ្លៃជួញដូរនៅលើទីផ្សារ ហ៊ុន ដើម្បីឱ្យដឹងថាថ្លៃភាគហ៊ុននេះថ្លៃឬក៏ថោក ។ វិធីសាស្ត្រនេះមានប្រសិទ្ធភាព លុះណាការប៉ាន់ស្មានរបស់យើងត្រឹមត្រូវ ។ ប្រសិនបើយើងប៉ាន់ស្មានខុស តម្លៃគណនាចេញមកក៏ខុស ការសម្រេចចិត្តទិញ/លក់ក៏ខុស ។ ដូច្នេះហើយទើបជាទូទៅ គេណែនាំឱ្យប្រើគម្លាតសុវត្ថិភាពបន្ថែមទៀត (Margin of Safety) ដើម្បីជាការបង្ការសម្រាប់ការប៉ាន់ស្មានខុស ។ ជាទូទៅ គម្លាតសុវត្ថិភាពនេះគឺស្មើ ២០%។ ដូច្នេះប្រសិនបើតម្លៃក្នុងមួយហ៊ុនដែលយើងគណនាឃើញ១០ដុល្លារនោះ គេបន្ថយវាមកនៅ៨ដុល្លារវិញ មុននឹងយកទៅប្រៀបធៀបជាមួយនឹងថ្លៃហ៊ុននៅលើទីផ្សារ។

មានវិធីសាស្ត្រមួយទៀតដែលសាមញ្ញជាង និងប្រើពេលតិចជាង ។ ឧទាហរណ៍ដូចជា អនុបាត “P/E” (Price to Earning) គឺយកថ្លៃភាគហ៊ុនលើទីផ្សារចែកនឹងប្រាក់ចំណេញរបស់ក្រុមហ៊ុនក្នុង មួយភាគហ៊ុន ។ សន្មតថាគណនាទៅឃើញ១០ នោះមានន័យថា សម្រាប់ប្រាក់ចំណេញដែលក្រុមហ៊ុនរកបានក្នុងមួយភាគហ៊ុន (Earning per share) ចំនួន១ដុល្លារ វិនិយោគិននៅលើទីផ្សារហ៊ានឱ្យថ្លៃទិញរហូតដល់ទៅ១០ដុល្លារ គឺថ្លៃជាង១០ដងនៃប្រាក់ចំណេញ ។ តម្លៃ P/E ស្មើនឹង១០នេះ មិនប្រាកដជាថ្លៃទេ ។ ថ្លៃឬថោកគឺអាស្រ័យទៅលើទស្សនវិស័យរបស់វិនិយោគិនចំពោះលទ្ធភាព រកបានប្រាក់ចំណេញរបស់ក្រុមហ៊ុនទៅអនាគត។ ចំពោះក្រុមហ៊ុនមួយដែលមានកំណើនថេរចំនួន ៥% វាត្រូវការពេលរហូតដល់ទៅ១៥ឆ្នាំ ទម្រាំទទួលបានប្រាក់ចំណេញកើនឡើងទ្វេដង ។ ប៉ុន្តែចំពោះក្រុមហ៊ុនដែលមានកំណើនថេរចំនួន២០% វិញ វាត្រូវការរយៈពេលតែ៤ឆ្នាំប៉ុណ្ណោះដើម្បីធ្វើឱ្យប្រាក់ចំណេញ កើនឡើងទ្វេដង ។

ជាទូទៅ គេមិនប្រើអនុបាត P/E នេះតែឯកឯងទេ ។ គេប្រើវាសម្រាប់ប្រៀបធៀបជាមួយក្រុមហ៊ុនប្រកួតប្រជែងក្នុងវិស័យតែ មួយ និងដែលមានទំហំប្រហាក់ប្រហែលគ្នា និង/ឬជាមួយ P/E របស់ខ្លួនឯងពីពេលមុនៗដើម្បីមើលពីការវិវត្តរបស់វា ដើម្បីអាចវិនិច្ឆ័យថា តើថ្លៃភាគហ៊ុនបច្ចុប្បន្នថ្លៃឬក៏ថោក ៕

ផ្តើមចូលវិនិយោគនៅផ្សារហ៊ុន ៖ បើកគណនីជួញដូរ

នៅពេលរកឃើញក្រុមហ៊ុនចុះបញ្ជីល្អ តម្លៃសមរម្យ និងចង់វិនិយោគជាមួយហើយ វិនិយោគិនដែលចង់ជួញដូរភាគហ៊ុននៃក្រុមហ៊ុននោះនៅផ្សារហ៊ុនត្រូវ ចាប់ផ្តើមដោយការបើកគណនីជួញដូរជាមុនសិន ។ វិនិយោគិនអាចបើកគណនីជួញដូរបានតែមួយប៉ុណ្ណោះ នៅក្រុមហ៊ុនមូលបត្រមួយ ។

ក្រុមហ៊ុនមូលបត្រដែលកំពុងដំណើរការបច្ចុប្បន្ន និងជាសមាជិករបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) មានចំនួនដប់ (បញ្ជីឈ្មោះក្រុមហ៊ុនមូលបត្រមាននៅក្នុងគេហទំព័ររបស់ផ.ម.ក. (http://www.csx.com.kh) ។ ដូច្នេះ វិនិយោគិនអាចបើកគណនីជួញដូរអតិបរមាចំនួនដប់ ។ ប៉ុន្តែ វិនិយោគិនមិនគួរបើកគណនីជួញដូរច្រើនដូច្នោះទេ។ វិនិយោគិនគួរជ្រើសរើសក្រុមហ៊ុនមូលបត្រមួយ ពីរ ឬបីទៅតាមតម្រូវការផ្ទាល់ខ្លួន ដោយផ្អែកលើគុណភាពសេវាកម្ម ចំនួនសេវាកម្ម និងកម្រៃសេវាជាដើម ។

នៅពេលជ្រើសរើសក្រុមហ៊ុនមូលបត្រដែលជាភ្នាក់ងារបម្រើសេវាកម្ម ក្នុងវិស័យមូលបត្ររួចហើយ វិនិយោគិនត្រូវអញ្ជើញទៅទីតាំងក្រុមហ៊ុនមូលបត្រនោះ ដោយយកទៅជាមួយនូវ៖ ១-កាតអត្តសញ្ញាណប័ណ្ណ (ឬលិខិតឆ្លងដែន សម្រាប់ជនបរទេស) ២-រូបថត ៤x៦ ពីរសន្លឹក និងចំពោះវិនិយោគិនជាស្ថាប័ន ៣-ច្បាប់ចម្លងនៃឯកសារផ្សេងៗដូចជា វិញ្ញាបនបត្រចុះបញ្ជីក្រុមហ៊ុន និងអាជ្ញាប័ណ្ណជាដើម ។ ក្រៅពីឯកសារទាំងនេះ វិនិយោគត្រូវមានលេខអត្តសញ្ញាណវិនិយោគិន (investor ID) ដែលផ្តល់ដោយគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) ។ ក្រុមហ៊ុនមូលបត្រត្រៀមជាស្រេចក្នុងការជួយផ្តល់សេវាជូនអតិថិជន របស់ខ្លួន ដើម្បីទទួលបានលេខអត្តសញ្ញាណវិនិយោគិននេះ ដោយវិនិយោគិន (ឯកត្តជន) ត្រូវបង់ប្រាក់២០.០០០ រៀល (សម្រាប់ គ.ម.ក.) ឬច្រើនជាងនេះ (សម្រាប់ក្រុមហ៊ុនមូលបត្រ) ។

ការបើកគណនីជួញដូរមូលបត្រសំដៅដល់ការបើកគណនីមូលបត្រ ព្រមទាំងគណនីសាច់ប្រាក់នៅនឹងក្រុមហ៊ុនមូលបត្រដែលយើងជ្រើសរើស ។ វិនិយោគិនត្រូវមានគណនីមូលបត្រ ដោយសារបច្ចុប្បន្នមូលបត្រភាគហ៊ុន ឬមូលបត្រប្រភេទដទៃទៀតលែងមានទម្រង់ជាវិញ្ញាបនបត្រទៀតហើយ ។ មូលបត្រទាំងនេះត្រូវបានបំប្លែងជាតួលេខកត់ត្រាក្នុងប្រព័ន្ធ កុំព្យូទ័រ ដូចការបំប្លែងក្រដាសប្រាក់ទៅជាតួលេខកត់ត្រាក្នុងប្រព័ន្ធ កុំព្យូទ័ររបស់ធនាគារ ដូច្នោះដែរ ។ ចំណែកឯគណនីសាច់ប្រាក់វិញ (នៅពេលបើកគណនីជួញដូររួចហើយ) វិនិយោគិនអាចយកសាច់ប្រាក់ទៅបញ្ចូលក្នុងគណនីនោះតែម្តង ឬអាចផ្ទេរពីគណនីសាច់ប្រាក់ផ្ទាល់ខ្លួនទៅកាន់គណនីសាច់ប្រាក់ សម្រាប់ការជួញដូរមូលបត្រនេះ ។

នៅពេលគណនីជួញដូរមានសុពលភាពហើយ វិនិយោគិនអាចទិញ/លក់ភាគហ៊ុនរបស់ក្រុមហ៊ុនដែលចុះបញ្ជីនៅ ផ.ម.ក.បាន តាមរយៈក្រុមហ៊ុនមូលបត្រដែលខ្លួនបានបើកគណនីជួញដូរនៅទីនោះ ។ វិនិយោគិនអាចបង្គាប់ទៅក្រុមហ៊ុនមូលបត្រដើម្បីទិញ ឬលក់ភាគហ៊ុនណាមួយ តាមរយៈការអញ្ជើញទៅក្រុមហ៊ុនមូលបត្រនោះដោយផ្ទាល់ តាមរយៈទូរស័ព្ទសារអេឡិចត្រូនិក ឬមធ្យោបាយផ្សេងទៀតដែលផ្តល់ដោយក្រុមហ៊ុនមូលបត្រនោះ ។

បច្ចុប្បន្ន ផ.ម.ក. មានក្រុមហ៊ុនចុះបញ្ជីចំនួនពីរគឺ ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុនកាត់ដេរហ្គ្រេនធ្វីនអុីនធឺណាស្យូណល។ នៅឆ្នាំ២០១៥នេះ នឹងមានក្រុមហ៊ុនចុះបញ្ជីបន្ថែមមួយចំនួនទៀតសម្រាប់វិនិយោគិន ធ្វើការសម្រេចចិត្តជ្រើសរើស ៕

Sort:  

Well described

Congratulations @cambonomics! You have received a personal award!

1 Year on Steemit
Click on the badge to view your Board of Honor.

Do not miss the last announcement from @steemitboard!

Do you like SteemitBoard's project? Then Vote for its witness and get one more award!

Congratulations @cambonomics! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 58440.50
ETH 2618.70
USDT 1.00
SBD 2.39