តើប្រភេទសេវាកម្ម Cloud ឬCloud Computing មានអ្វីខ្លះ?

ជាធម្មតាទិន្នន័យរបស់កម្មវិធីវេបសាយត្រូវបានគេរក្សារទុកក្នុងម៉ាស៊ីនតាមក្រុមហ៊ុន ឬទីកន្លែងដោយឡែកៗពីគ្នា។ តែការធ្វើដូចនេះតំរូវអោយមានការចំណាយច្រើនលើ ហាដវែរ (Hardware) គ្រប់គ្រងថែរក្សារម៉ាស៊ីន ការការពារសុវត្ដិភាពទិន្នន័យ ជាដើម។ ដោយសារបញ្ហាទាំងអស់នេះទើបមានសេវាកម្ម Cloud ឬCloud Computing ចេញមក។
សេវាកម្ម Cloud ឬCloud Computing គឺជាសេវាកម្មដែលអាចធ្វើការគ្រប់គ្រង រក្សារទុក ឬប្រតិបត្តិទិន្នន័យ នៅកន្លែងរួមមួយ។ ការធ្វើដូចនេះយើងមិនចាំបាច់មាន ហាដវែរខ្លួនឯងទេ ហើយក៏មិនចាំបាច់មានទីកន្លែងទុកហាដវែរដែរ ពីព្រោះអ្វីៗគឺផ្តល់ដោយក្រុមហ៊ុនដែលផ្តល់សេវាកម្ម Cloud។ អ្វីដែលយើងត្រូវធ្វើគឺគ្រាន់តែបង់ថ្លៃនូវអ្វី ដែលយើងបានប្រើ។

ឧទាហរណ៍ដូចរូបភាពខាងលើ ប្រសិនបើយើងមានឡានផ្ទាល់ខ្លួននោះអ្វីៗយើងត្រូវធ្វើដោយខ្លួនឯង ទាំងការចាក់សាំង ថែរក្សាឡានជាដើម។ តែបើប្រើតាក់ស៊ីវិញ នោះយើងមិនចាំបាច់រវល់នឹងការងារទាំងអស់នេះទេ គ្រាន់តែបង់ប្រាក់ចំពោះចម្ងាយដែលបានជិះនោះជាការស្រេច។ Cloud ឬCloud Computing គឺមានន័យដូចនឹងការប្រើសេវាតាក់ស៊ីអញ្ជឹងដែរ។
ប្រភេទសេវាកម្ម Cloud ឬCloud Computing សំខាន់ៗមានបី IaaS (Infrastructure as a Service) PaaS (Platform as a Service) និង SaaS (Software as a Service) ដូចរូបភាពខាងក្រោម។
១) IaaS (Infrastructure as a Service)
គឺជាសេវាកម្មដែលផ្តោតលើហាដវែរជាចំបង ហើយក្រៅពីនេះមានការផ្តល់បណ្តាញអុីនធឹណិត សេវាកម្មផ្ទុកទិន្នន័យជាដើម។ បច្ចុប្បន្ន ក្រុមហ៊ុនធំៗដែលផ្តល់សេវាកម្មដូចនេះមានដូចជា Amazon Google និងMicrosoft ជាដើម។
២) PaaS (Platform as a Service)
គឺជាសេវាកម្មដែលផ្តោតលើការបង្កើតកម្មវិធីដោយប្រើប្រាស់ភាសាកុំព្យូទ័រផ្សេងៗ។ ឧទាហរណ៍៖ App Engine ផ្តល់សេវាកម្មដោយក្រុមហ៊ុន Google ឬHeroku ផ្តល់សេវាកម្មដោយក្រុមហ៊ុន Saleforce ជាដើម។
៣) SaaS (Software as a Service)
គឺជាសេវាកម្មសំរាប់អ្នកប្រើទូទៅដែលមិនចាំបាច់មានចំណេះដឹងផ្នែកបច្ចេកវិទ្យាសុីជំរៅ។ ឧទាហរណ៍៖ Google Doc ផ្តល់សេវាកម្មដោយក្រុមហ៊ុន Google ឬ Office 365 ផ្តល់សេវាកម្មដោយក្រុមហ៊ុន Microsoft