ក្បួនរកដើមទុន សម្រាប់អ្នកចង់ចេញរកស៊ីដំបូងតែខ្វះលុយ មិនដឹងដើរផ្លូវណា

in #news8 years ago

ក្នុងឱកាសសិក្ខាសាលាប្រចាំឆ្នាំដ៏ធំមួយក្រោមប្រធានបទ«ដើមទុនដំបូងរបស់ខ្ញុំ» នៅសាលាតិចណូ ដោយមានការរៀបចំពីក្រុមការងារ Yes I Can បានអញ្ជើញវាគ្មិនដែលជាសហគ្រិនឆ្នើម៥រូប មកចែករំលែកបទពិសោធន៍អាជីវកម្មផ្ទាល់ខ្លួន។ ប៉ុន្តែខាងក្រោមនេះពាណិជ្ជកម្មកម្ពុជា សូមលើកយកសហគ្រិន៣រូប ដើម្បីធ្វើការចែករំលែក។

លោកឧកញ៉ា គួច ម៉េងលី បានមានប្រសសន៍ថា ដើមទុនដំបូងគឺមាន៥នៅលើលោកមាន៖ ទុនធម្មជាតិ, ទុនធនធានមនុស្ស, ទុនសង្គម, ទុនទ្រព្យសម្បត្តិ ហើយចុងក្រោយគឺទំាងអស់នឹងបូកបញ្ចូលគ្នា។ បើយើងដើរតាមដំណើរការដំណាក់កាលនេះនឹងជោគជ័យ បើដើរផ្លូវកាត់ភាគច្រើនតែងបរាជ័យ។ លោកបានបន្តថា លោកមិននិយាយអំពីមហាសេដ្ឋីភាគលើលោកដូចជា Bill Gates ស្ថាបនិកហ្វេសប៊ុក គឺមានភាគរយតិចណាស់ យើងត្រូវនិយាយអំពីភាពជោគជ័យភាគច្រើន ដោយកើតចេញពីការខិតខំ ប្រឹងប្រែង ពឹងការចេះដឹង ការព្យាយាម។ នៅស្រុកខ្មែរយើងមិនទាន់មានទុនមួយណាពិតប្រាកដទេ ទំាង៥នឹង បើអត់ទេត្រូវសួរខ្លួនឯង ធ្វើម្តេចមាន ធ្វើម្តេចរកស៊ីបាន ហើយបើគ្មានទុននឹងទេ យើងនឹងរកស៊ីធ្លាក់ទឹក។

លោកឧកញ៉ាបានបន្តថា «លោកអាណិតកូនខ្មែរយ៉ាងណាស់ ជាពិសេសយុវជន ខំដោយគ្មានទិសដៅ ខំដោយគ្មានទស្សនវិស័យ ខំដោយគ្មានអ្នកចង្អុលបង្ហាញផ្លូវ ខំដោយគ្មានដើមទុន ខំដោយគ្មានអ្នកគំាទ្រ ចឹងដើរទៅៗអាចបុកជញ្ចាំងបែកក្បាលសន្លប់ ជួនកាលអាចស្លាប់ក៏មាន»។ លោកចង់បញ្ជាក់ថា កូនខ្មែរយើងដែលចង់រកស៊ី កុំព្យាយាមធ្វើតាមគេ កុំដើរផ្លូវកាត់ ត្រូវដើមតាមដំណាក់កាលៗ ត្រូវរៀនឲ្យចេះ ធ្វើការយកពិសោធន៍ឲ្យច្បាស់ចាំចេញរកស៊ី មិនមែនឃើញគេក្មេងរកស៊ី ក៏ចង់ចេញរកស៊ីតាមគេនោះទេ។

ស្រដៀងគ្នានេះដែរ លោកឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ត ជាអគ្គនាយកក្រុមហ៊ុន Luxury SMILE បានមានប្រសាសន៍ថា ដើមទុនដំបូងរបស់យើងគួរតែមានគឺ៖គំនិត ចំណេះដឹង, កម្លាំងកាយ, កម្លាំងចិត្ត,​ ដើមទុន និងធនធានមនុស្ស។ ប៉ុន្តែសរុបទំាង៥ចំណុចនេះ យើងត្រូវវិនិយោគលើខ្លួនយើង មូលហេតុដែលយើងវិនិយោគលើខ្លួនឯង ដោយសារបើយើងមិនស្គាល់ខ្លួនឯង មិនខ្លាំងផង តើយើងអាចធ្វើអ្វីបាន? លោកឧកញ៉ាបានបញ្ជាក់ថា ភាពជោគជ័យរបស់មនុស្សម្នាក់ៗ គឺស្ថិតនៅលើខ្លួនយើងជាអ្នកកំណត់។

ឧកញ៉ាបានបន្តថា លោកចេញរកស៊ីតំាងពីអាយុ១៦ឆ្នំា ហើយដើមទុនដំបូងរបស់លោកឧកញ៉ាគឺគំនិត មិនមែនលុយនោះទេ។ ទោះមានលុយ១០០លានដុល្លារក៏ដោយ មិនប្រាកដថារកស៊ីជោគជ័យនោះទេ ហើយក៏មិនចាំបាច់មានលុយ១០០លានដុល្លារ ដើម្បីរកស៊ីជោគជ័យនោះដែរ។ លោកឧកញ៉ាបានបន្ថែមថា ប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍ ហើយអ្នកមានចំណេះដឹងកាន់តែច្រើន បើយើងរកស៊ីយឺតពេលពេក និងខកពេលវេលាហើយ ប៉ុន្តែមិនមែនឲ្យយើងលោតទឹកនោះទេ។ យើងត្រូវសិក្សាឲ្យច្បាស់លាស់មុននឹងយើងធ្វើ ត្រូវសិក្សាឲ្យច្បាស់នូវមុខរបរដែលយើងចង់ធ្វើ ព្រោះបើយើងមិនសិក្សាឲ្យបានច្បាស់លាស់ទេ យើងនិងមានហានិភ័យ លើបញ្ហាក្ស័យធុន ឬបញ្ហាសេដ្ឋកិច្ចជាដើម។

ដោយឡែក លោក ឌិនសុមេធារិទ្ធ ជានាយកប្រតិបត្តិសណ្ឋាគារ Frangipani Villa បានមានប្រសាសន៍ថា ដើមទុនរកស៊ីរបស់លោកគឺកើតចេញពីការសន្សំផ្ទាល់ខ្លួន និងរួមជាមួយសហការី។ លោកបញ្ជាក់ថា ដើមទុនទី១ដែលចាប់ផ្តើម គឺកើតចេញពីខ្លួនឯង ចឹងយើងត្រូវយកខ្លួនយើងធ្វើជាដើមទុន ព្រោះយើងអត់លុយ ត្រូវខិតខំរៀនសូត្រ ប្រឹងធ្វើការឲ្យមានប្រាក់ខែច្រើន ដើម្បីសន្សំ តែបើមានប្រាក់ខែច្រើន អត់គំនិតក៏អត់លុយដែរ។

លោកបានបន្តថា ដើមទុនទី២ គឺការខ្ចីលុយពីអ្នកនៅជុំវិញខ្លួន តែនិងពឹងលើកេរ្តិ៍ឈ្មោះខ្លួនឯង ត្រូវមានការទុកចិត្តគ្នា បើមិនចឹងទេ គេមិនឲ្យយើងខ្ចីទេ ព្រោះគេឲ្យយើងខ្ចីសង្ឃឹមថា និងត្រឡប់មមកវិញ។ សម្រាប់ដើមទុនទី៣ គឺការខ្ចីពីធនាគារ សម្រាប់ធនាគារគេមិនចង់បានអីពីយើងទេ គ្រាន់តែធ្វើតាមនិតិវិធីមានការវាយតម្លៃ។ ចឹងដើម្បីងាយស្រួលក្នុងការខ្ចីធនាគារ យើងត្រូវខ្ចីបន្តិចម្តងៗ ដើម្បីងាយស្រួលក្នុងការខ្ចីបន្ត៕

Source www.business-cambodia.com


Original post : http://phnomnews.com/archives/11455

Coin Marketplace

STEEM 0.05
TRX 0.32
JST 0.082
BTC 65824.46
ETH 1792.50
USDT 1.00
SBD 0.43