Phnom Penh Post - ស្ទឹងតាសាលនៅកំពង់ស្ពឺ ទេសភាពស្អាតប្លែក បីដូចសមុទ្រព័ទ្ធដោយភ្នំ
ទូកអាចផ្ទុកអ្នកដំណើរបាន ៥-៦ នាក់ ក្នុងដំណើរគយគន់ទេសភាពស្ទឹងដ៏ស្រស់ត្រកាល
តំបន់កម្សាន្តទំនប់ទឹកស្ទឹងតាសាលដែលកកើតថ្មីអ្នកភូមិនិយមហៅថា «ទំនប់ឥណ្ឌា» មានបណ្តុំទេសភាពស្អាតប្លែកភ្នែក ភ្នំហ៊ុមព័ទ្ធជុំវិញ និងមានស្លែសារាយ ដុះនៅអែបច្រាំងស្ទឹងធំល្វឹងល្វើយ លាយឡំដោយឈើងាប់តូចធំឈរអើតក ពីផ្ទៃទឹកយ៉ាងត្រសងពេញផ្ទៃស្ទឹង ហាក់ដូចជាកំពុងតែរង់ចាំទទួលស្វាគមន៍ក្រុមទេសចរមកពីទីជិត និងឆ្ងាយ បានមកដល់។
ទំនប់ស្ទឹងតាសាលនេះក៏មានតំបន់កោះមួយឈ្មោះថា «កោះស្នេហ៍» ជាទីលម្ហែកាយដ៏មនោរម្យមួយ មានសម្រស់ទេសភាពធម្មជាតិ ព្រៃភ្នំ និងទឹក គួរជាទីពេញនិយមនៃការកម្សាន្តបែបលក្ខណៈស្ងប់ស្ងាត់ ខណៈនារដូវវស្សា ផ្ទៃទឹកស្ទឹងមើលទៅមានសភាពដូចជាកូនសមុទ្រមួយអ៊ីចឹង។
<figure><iframe src="
នារដូវកាលនេះមានអំណោយផលល្អសម្រាប់ការជិះទូកលេងកម្សាន្តគយគន់ទេសភាពជើងភ្នំ នៅហ៊ុមព័ទ្ធស្ទឹង និងថែមទាំងអាចស្ទូចត្រីកម្សាន្តបានផងដែរ ទោះបីជាសកម្មភាពលម្ហែទើបតែដំណើរការបានប្រមាណ ២ ឬ ៣ ឆ្នាំចុងក្រោយនេះក្តី។
លោក ប៉ាង សុខខេង ជាប្រជាការពារនៃទំនប់ទឹកស្ទឹងតាសាល បានឲ្យដឹងពីមូលហេតុដែលហៅឈ្មោះថា «ទំនប់ឥណ្ឌា» និងឈ្មោះ «កោះស្នេហ៍» នៅទីនោះថា៖ «តាមពិតដើមឡើយទីនេះមានឈ្មោះស្ទឹងតាសាល តែតាំងពីពេលមានខាងប្រទេសឥណ្ឌាមកជួយសាងទំនប់ទឹកមក អ្នកភូមិក៏ហៅកាត់ថា ទំនប់ឥណ្ឌាប្រមាណពីរបីឆ្នាំនេះ និងហៅតាមគ្នាតៗមក។
ចំណែកឯកោះស្នេហ៍វិញនោះគឺជាការដាក់ឈ្មោះដោយក្រុមអ្នកទេសចរ នៅពេលដែលពួកគាត់បានមកអង្គុយលេងគយគន់មើលទេសភាពគួរជាទីស្រឡាញ់ និងជក់ចិត្តនោះក៏នាំគ្នាហៅថា កោះស្នេហ៍តាមគ្នាទៅ»។
ស្ទឹងតាសាល ស្ថិតនៅភូមិអូរអញ្ចារ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ភ្ញៀវទេសចរគ្រាន់តែធ្វើដំណើរចេញហួសពីតំបន់ រមណីយដ្ឋាន ទេទឹកពុះ ប្រមាណជិត ២០ គីឡូម៉ែត្រ នឹងឃើញទេសភាពដ៏អស្ចារ្យដែលមានភ្នំព័ទ្ធជុំវិញមិនខាន។
<figure>
<figcaption>ផ្ទៃទឹកធំល្វឹងល្វើយ មានចុងឈើផុសឡើងរាយប៉ាយ និងហ៊ុមព័ទ្ធទៅដោយជួរភ្នំ។ ផា លីណា</figcaption></figure>
ប្រសិនបើចង់ទៅកាន់តំបន់ «កោះស្នេហ៍» ដែលមានក្យូសមួយយ៉ាងធំប្រក់ស័ង្កសី សម្រាប់ឲ្យភ្ញៀវអង្គុយញ៉ាំបាយ បណ្តែតអារម្មណ៍តាមខ្យល់អាកាសល្អបរិសុទ្ធ អមទៅដោយទេសភាពព្រៃភ្នំហ៊ុមព័ទ្ធជុំវិញស្ទឹងមានផ្ទៃទឹកធំល្វឹងល្វើយនោះ ក្រុមទេសចរត្រូវជិះទូកពីច្រាំងនៃចំណតយានយន្តប្រមាណកន្លះម៉ោងទើបអាចទៅដល់ ខណៈទូកស្មាច់តូចៗ អាចផ្ទុកអ្នកដំណើរបាន ៥-៦ នាក់។
លោក ប៉ាង សុខខេង ប្រាប់ពីតម្លៃជិះទូកទៅកាន់កោះស្នេហ៍នោះថា៖ «តម្លៃទូកយើងគិតមនុស្សម្នាក់បង់ប្រាក់ចំនួន ៥០០០ រៀល ដោយគិតទាំងដឹកទៅ និងមកវិញ។ ភ្ញៀវក៏អាចមានជម្រើសដែរ បើគាត់នៅទស្សនារយៈពេលខ្លី ហើយចង់ឲ្យយើងចាំជូនវិលមកវិញក៏បាន ឬកំណត់ម៉ោងដែលត្រូវឲ្យខាងយើងទៅយកមកវិញក៏បាន ក្នុងករណីភ្ញៀវចង់សម្រាកនៅឯកោះស្នេហ៍យូរ»។
ទោះជាយ៉ាងណា សម្ទុះភ្ញៀវទៅកម្សាន្តនៅទំនប់ទឹកស្ទឹងតាសាល ហាក់ដូចជាពុំសូវសម្បូរនោះឡើយ សម្បូរតែភ្ញៀវក្នុងតំបន់តិចតួចតាមរដូវកាលបុណ្យទាន សូម្បីតែស្លាកឈ្មោះតំបន់ក៏ពុំទាន់មាននៅឡើយ។
បងស្រី ណាង អ្នកលក់បាយម្ហូបតាមការកុម្ម៉ង់ភ្ញៀវនៅតំបន់ទំនប់ទឹកស្ទឹងតាសាលជាង ២ ឆ្នាំមកហើយនោះរអ៊ូថា៖ «ភ្ញៀវមកលេងមានច្រើនតែថ្ងៃបុណ្យទានធំៗប៉ុណ្ណោះ ហើយនៅថ្ងៃធម្មតាមានតក់ៗតាមថ្ងៃ។ ថ្ងៃខ្លះមានបីបួនឡានមកលេង ហើយថ្ងៃខ្លះក៏បួនដប់ឡានទៅ»៕
<figure>
<figcaption>នៅតំបន់ទំនប់ទឹកស្ទឹងតាសាល មានកោះស្នេហ៍ និងមានក្យូសធំមួយ សម្រាប់ភ្ញៀវទេសចរអង្គុយលេងកម្សាន្ត។</figcaption></figure>
<figure>
<figcaption>អ្នកទេសចរផ្ដិតយកទេសភាពដ៏ប្លែកភ្នែកនៃតំបន់ស្ទឹងតាសាល។</figcaption></figure>
Soure @ www.postkhmer.com
Original post : http://phnomnews.com/archives/1434

resteemed
resteemed